ថ្ងៃ អាទិត្យ ទី 30 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី គំាទ្របេក្ខភាពជាស្រ្តី ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខឲ្យបានច្រើន
លោកជំទាវ ឃួន សុដារី គំាទ្របេក្ខភាពជាស្រ្តី ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខឲ្យបានច្រើន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/14/2017 6:56:37 PM )

សមាជិការដ្ឋសភា លោកជំទាវ ឃួន សុដារី ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយស្រ្តី និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានគំាទ្រ និងជំរុញគណបក្សន​យោបាយ​ទំាង​អស់ ដែលនឹងចូលរួម ការបោះឆ្នោតខាងមុខនេះ ដាក់បេក្ខភាពស្រ្តី ជាបេក្ខជនឈរឈ្មោះ​ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅខែមិថុនានោះ ឲ្យបានច្រើន។ លោកជំទាវបានគូសបញ្ជាក់ថា ស្រ្តីត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្នឹងខ្នងសង្គម សេដ្ឋកិច្ចដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការគាំទ្រស្រ្តី ជាបេក្ខជនឈរឈ្មោះ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលប្រារព្ធធ្វើនៅ សណ្ឋាគារឡឺរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ​។​

ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាមូលដ្ឋាន បានមានប្រសាសន៍គំាទ្រចំពោះការលើកឡើងរបស់ លោកជំទាវ ឃួន សុដារី។ឯកឧត្តមបានគូសបញ្ជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសង្គម និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី ក្នុងការឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាមូលដ្ឋាន បានលើកឡើងថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាថ្នាក់ដឹកនាំនៅមូលដ្ឋាន នៅជិតនឹងពលរដ្ឋ បំផុត ហើយបើថ្នាក់ដឹកនាំឃុំ សង្កាត់ ជាស្រ្តីនោះ ពួកគាត់នឹងមានភាពស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋជាងមេឃុំ ឬចៅសង្កាត់ជាបុរស។ ដូច្នេះការ ចូលរួមកសាងអភិវឌ្ឍន៍មូលដ្ឋាន របស់ស្រ្តីនឹងមានប្រសិទ្ធភាពខ្លំាង។

ជាមួយក្តីរំពឹងថា គ្រប់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នឹងផ្តល់ឱកាសដល់ស្រ្តី ធ្វើជាអ្នកដឹកនាំ នៅថ្នាក់មូលដ្ឋាន លោកជំទាវ ឃួន សុដារី ក៏បានថ្លែងអំណរគុណចំពោះដៃគូអភិឌ្ឍន៍នានា​ មានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិUNDP សហភាពអឺរ៉ុបEU និងACES សហព័ន្ធនៃទីក្រុងកាណាដាជាដើម ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់កិច្ចប្រជុំពេលនេះ ដើម្បីឲ្យមានការផ្លាស់ប្តូរ ទស្សនៈយោបល់គ្នា រវាងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញសមភាពយេនឌ័រ នៅថ្នាក់មូលដ្ឋាននេះ​។

សូមជម្រាបថា ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នាដើមខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh