ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការរដ្ឋសភា ស្នើ(JICA) ជួយបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកព័ត៌មានវិទ្យា និងស្រាវជ្រាវ
អគ្គលេខាធិការរដ្ឋសភា ស្នើ(JICA) ជួយបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកព័ត៌មានវិទ្យា និងស្រាវជ្រាវ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/1/2017 4:50:38 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានស្នើដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ដែលហៅកាត់(JICA) ជួយ បណ្តុះបណ្តាលមន្រ្តី អគ្គលេខាធិការដ្ឋានរដ្ឋសភា ខាងបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការស្រាវជ្រាវ នៅ​ពេលដែល ឯកឧត្តម បានទទួលជួបពិភាក្សា ការងារជាមួយ លោក ហាយ៉ាស៊ី អេអីុជីរ៉ូ (HAYASHI Eiichiro) ទីប្រឹក្សារៀបចំគម្រោងរបស់(JICA)  នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ នៅវិមានរដ្ឋសភា។

ឆ្លើយតបសំណើនេះ លោក ហាយ៉ាស៊ី អេអីុជីរ៉ូ បានគូសបញ្ជាក់ថា នឹងលើកយកសំណើនេះ ទៅពិភាក្សាលម្អិតជាមួយក្រុមការងារ ហើយនឹងធ្វើការ ឆ្លើយតបមក​ អគ្គលេខា​ធិការដ្ឋានរដ្ឋសភាវិញ។ តែទោះយ៉ាងណា លោកបានយល់ស្រប ចំពោះការលើក​ឡើងរបស់ ឯកឧត្តម ឡេង ប៉េងឡុង ដែលថា ផ្នែកព័ត៌មានវិទ្យា និងការស្រាវជ្រាវ ជា​តម្រូវការចំាបាច់របស់រដ្ឋសភា នៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ ដើម្បីផ្តល់សេវា​ការងារឲ្យមាន ប្រសិទ្ធភាព និងទាន់ពេលវេលាដល់ការបំពេញភារកិច្ចរបស់តំណាងរាស្រ្ត។

ក្រៅពីការលើកឡើងនូវសំណើនេះ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ប្រទេ​ស​ជប៉ុន(JICA) ដែលបានចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសកម្ពុជាលើវិស័យជាច្រើន ជា​ពិសេសការកសាងហេដ្ឋា​រចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ ឲ្យមានភាពប្រសើរឡើង​ ស្របតាមការរីកចម្រើនរបស់សង្គមជាតិ។

ជំនួបពិភាក្សាការងារ ដែលមានភាពស្និទ្ធស្នាលនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះ​​​ការរីកចម្រើន លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ របស់ប្រទេសកម្ពុជា និងជប៉ុន ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ៕​

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh